ជោគជតាជាមួយក្តីសម្រេច
"ឡើងបានចុះបានមិនរួញរាចំពោះបញ្ហា មានបញ្ញាពោរពេញទៅដោយក្តីសង្ឃឹមស៊ូតទៅ"។ វិថីជីវិតមិនមែនជារឿង មនោរម្យដរាបទេ បញ្ហាឧបសគ្គទាំងឡាយរៀងរាយនៅមិនចេះអស់មិនចេះហើយ។ ឧត្តមការនៃក្តីសុបិនពិបាកនឹង សម្រេចបាន នរណាដែលមានចិត្តមិនរឺងមាំ មានចិត្តរួញរាថយក្រោយមិនអត់ធន តែងមិនអាចឈានតទៅមុខទៀត បានទេ។ របស់ម្យ៉ាងដែលយើងអាចពឹងពាក់បានគឺខ្លួនឯង។ គ្រប់រឿងរ៉ាវដែលចូលមកគ្រាន់តែជាបទសាកល្បង ប៉ុណ្ណោះ។ បើអាចឆ្លងផុតបាន យើងនឹងចម្រើនលូតលាស់ក្លៀវក្លាថែមទៀត។ តែបើឆ្លងមិនបានទេយើងនឹងឈប់ ស្ងៀមគាំងមួយកន្លែងទៅណាមិនរួចទេ។ មនុស្សយើងហ្នឹងសំខាន់នៅលើចិត្ត សុំត្រឹមមានការជឿជាក់និងសទ្ធាតែ ប៉ុណ្ណោះ ប្រើសតិបញ្ញាតស៊ូពុះពារឧបសគ្គ គង់មានថ្ងៃណាមួយសម្រេចបានដូចក្តីប្រាថ្នាមិនខាន។ ផ្កាឈើវានឹងរីក ឯងពេលណាដល់រដូវកាលរបស់វា។ ការរចនាប្រឌិតរបស់ផ្សេងៗត្រូវប្រើពេលវេលាប្រកបជាមួយភាពរឹងមាំនឹង អត់ធន ចំណុចសំខាន់គឺត្រូវប្រកាន់ខ្ជាប់ចំពោះគោលដៅ។បើមានសទ្ធាជឿជាក់មិនឃ្លេងឃ្លោងហើយ នៅទីបំផុត នឹងធ្វើឲ្យយើងបន្លុះដល់គោលដៅមិនខានឡើយ។ រយះផ្លូវហ្មឺនគីឡូចាប់ផ្តើមពីជំហានដំបូង វិថីជីវិតក៏មានឧបមា ដូច្នោះដែរ។ ជំហានដំបូងនេះសំខាន់ណាស់ណា តែជំហានតទៅសំខាន់ជាងហ្នឹងទៅទៀត។ បើប្រាសចាកភាពរឹង មាំដាច់ខាតហើយនោះ គ្មាននរណាអាចទៅដល់គោលដៅបានឡើយ។ ទោះមានឧបសគ្គរាំងរាច្រើនប៉ុណ្ណាក្តី កុំរួញរាកង្វល់ក្នុងចិត្តថ្វី ចូរប្រើបញ្ញានិងភាពក្លាហានជាទ្រនិចទិសចង្អុលនាំផ្លូវ ឈានតទៅ។